ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងទី៨ ខែតុលា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាលបានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលា។

លោកសាស្រ្តចារ្យជំនួយ ប៉ែន ម៉ារឌី បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលា ដើម្បីពិនិត្យរួមគ្នា លើការអនុវត្តផែនការយុទ្ធសាស្រ្ត៣ឆ្នាំរបស់សាលា និងសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូលនឹងផ្តល់ធាតុចូលដើម្បីបំពេញបន្ថែម ដែលអាចឈានដល់ការសម្រេចតាមផែនការរំពឹងទុក។

គួរបញ្ជាក់ដែរថា សិក្ខាសាលានេះប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃពុធ ១រោច ដល់ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង និងថ្នាក់ដឹកនាំ និងគ្រូកម្មសិក្សានៃមន្ទីរពេទ្យទាំង១៦ ក្នុងភូមិភាគកំពង់ចាម ក្រោមជំនួយគាំទ្រពីគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល ក្នុងគោលបំណងដើម្បី៖

• ពិនិត្យនិងវាយតម្លៃឡើងវិញនូវផែនការសកម្មភាពរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ

• រៀបចំផែនការសកម្មភាពឡើងវិញដើម្បីបន្តអនុវត្តនូវសកម្មភាពដែលមិនបានអនុវត្តកន្លងមក

• បូកសរុបនូវគំនិតយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាមន្ទីរសុខាភិបាល និងមន្ទីរពេទ្យដែលសាលាបាន បញ្ជូននិស្សិតទៅធ្វើកម្មសិក្សា សម្រាប់ជាគំនិតក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ២០២៨-២០៣២

ក្នុងសិក្ខាសាលានេះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់មន្ទីរពេទ្យជាគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនិកសម្រាប់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ដែលទើបទទួលបានការទទួលស្គាលពីក្រសួងសុខាភិបាល ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកបាធាយ មន្ទីរពេទ្យបង្អែកជីភូ និងមន្ទីរពេទ្យបង្អែកពារាំង។

សិក្ខាសាលាស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ ២០២៣-២០២៧

Leave a Reply

Your email address will not be published. Required fields are marked *