ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី៦ ខែឧសភា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី”ការពិនិត្យមើលគុណភាពបញ្ជីត្រួតពិនិត្យជំនាញ និងសេចក្តីណែនាំអំពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញ សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក (AND Final exam checklists and Guideline)របស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម”។

សិក្ខាសាលានេះមានគោលបំណង ពិនិត្យបញ្ជីត្រួតពិនិត្យជំនាញគ្លីនិក និងសេចក្តីណែនាំស្តីពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញគ្លីនិក (AND final exam Checklist and guideline ) សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកចំនួន ២៧ទម្រង់ការ។

ក្នុងឱកាសពិធីបើកសិក្ខាសាលានេះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានកោតសរសើរដល់ការិយាល័យបច្ចេកទេស និងផ្នែកបណ្តុះបណ្តាលគិលានុបដ្ឋាក ដែលបានចូលរួមរាល់សកម្មភាពនៃការបណ្តុះបណ្តាល ពិសេសការបង្កើតក្រុមការងារក្នុងការផលិត និងពិនិត្យបញ្ជីត្រួតពិនិត្យជំនាញគ្លីនិក និងសេចក្តីណែនាំបញ្ជីផ្ទៀងផ្ទាត់ជំនាញគ្លីនិក ព្រមទាំងផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងមូលត្រូវបន្តយកចិត្តទុកដាក់ពិនិត្យ ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានថាឧបករណ៍វាយតម្លៃនេះពិតជាមានគុណភាព ពិសេសបន្តការពិភាក្សា និងចែករំលែកបច្ចេកទេសនៃការអនុវត្តជំនាញតាមទម្រង់ការនីមួយៗ តាមរយៈការអនុវត្តបង្ហាញត្រាប់ផ្ទាល់មុននឹងបង្រៀនដល់និស្សិត។

សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលា ប្រធាន អនុប្រធានការិយាល័យបច្ចេកទេស ប្រធាន អនុប្រធានផ្នែកបណ្តុះបណ្តាលទាំងបី និងគ្រូទទួលបន្ទុកបញ្ជីត្រួតពិនិត្យជំនាញគ្លីនិកតាមស្ថានីយ និងទម្រង់ការនីមួយៗ ក្រោមជំនួយគាំទ្រពីគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។

សិក្ខាសាលាស្តីពី”ការពិនិត្យមើលគុណភាពបញ្ជីត្រួតពិនិត្យជំនាញ និងសេចក្តីណែនាំអំពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញ សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក”

Leave a Reply

Your email address will not be published. Required fields are marked *